យោងតាមការបង្ហាញព័ត៌មាន ដែលបានផ្សព្វផ្សាយនៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រុមហ៊ុន ភីភីអេសភី សូមធ្វើការពន្យល់លម្អិតបន្ថែមជូនដល់វិនិយោគិនសាធារណៈសក្តានុពល ដែលមានបំណងចង់ចូលរួមក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមនេះ។
ដូចដែលបានបង្ហាញខាងលើ ការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមនេះ គឺដើម្បីផ្តល់រង្វាន់ជូនដល់ភាគហ៊ុនិករបស់ក្រុមហ៊ុន ភីភីអេសភី នូវភាគហ៊ុនបន្ថែមដោយឥតគិតថ្លៃ ក្នុងសមាមាត្រ ១:១ ពោលគឺ ចំពោះរាល់ភាគហ៊ុនចំនួន ១ ភាគហ៊ុនដែលកាន់កាប់ ភាគហ៊ុនិកនឹងទទួលបានភាគហ៊ុនបន្ថែមចំនួន ១ ភាគហ៊ុនដោយឥតគិតថ្លៃ ។
ដើម្បីទទួលបានការបែងចែកភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះ ភាគហ៊ុនិកដែលមានសិទ្ធិទទួលបាន ជាភាគហ៊ុនិកដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភាគហ៊ុនិកផ្លូវការដែលបានរៀបចំឡើង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦ ដូចមាននៅក្នុងសេចក្ដីប្រកាស។
សម្រាប់វិនិយោគិនសក្តានុពល ដែលមានបំណងចង់ចូលរួម ក្នុងការទទួលភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះ វិនិយោគិនត្រូវតែធ្វើការបញ្ជាទិញភាគហ៊ុននៅក្នុងអំឡុងពេល “Cum Bonus” (ជារយៈពេលដែលទិញភាគហ៊ុនបានសិទ្ធិនឹងទទួលបានភាគហ៊ុនបន្ថែម) ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦។
ភាគហ៊ុនដែលមានស្រាប់នឹងត្រូវជួញដូរក្នុងទម្រង់ “Ex Bonus” (រយៈពេលដែលទិញភាគហ៊ុនមិនបានសិទ្ធិទទួលបានភាគហ៊ុនបន្ថែមទេ) នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦ ហើយថ្លៃភាគហ៊ុននឹងត្រូវកែសម្រួលទៅតាមថ្លៃទ្រឹស្តី Theoretical Ex-Bonus Price (TEBP) ដោយផ្អែកលើតម្លៃបិទផ្សារនៃថ្ងៃជួញដូរចែកនឹង ២ ដើម្បីគិតបញ្ចូលភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះ។
o ភាគហ៊ុនិកដែល លក់ ភាគហ៊ុននៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅតែមានសិទ្ធិទទួលបានភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះដដែល ។
o ភាគហ៊ុនិកដែល ទិញ ភាគហ៊ុននៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ មិនមានសិទ្ធិទទួលបានភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះទេ។
តម្លៃភាគហ៊ុនជាក់ស្តែងដែលជួញដូរក្នុងទម្រង់ “Ex Bonus” នឹងអាស្រ័យទៅលើនិន្នាការទីផ្សារនៅថ្ងៃនោះ ហើយវាមិនមានភាពប្រាកដប្រជាថាតម្លៃភាគហ៊ុននឹងកើនឡើងនោះឡើយ។
ភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះ នឹងត្រូវបែងចែកជូនភាគហ៊ុនិកដែលមានសិទ្ធិនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ ហើយការចុះបញ្ជីភាគហ៊ុនទាំងនេះនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ ដែលអាចចាប់ផ្តើមធ្វើការជួញដូរបានចាប់ពីកាលបរិច្ឆេទនោះតទៅ។
ក្រោយពេលបែងចែកនិងបោះផ្សាយរួច ភាគហ៊ុនមូលបត្រកម្មសិទ្ធិបន្ថែមនេះនឹងមានសិទ្ធិស្មើគ្នាទាំងស្រុងក្នុងគ្រប់ទិដ្ឋភាពទាំងអស់ (Pari Passu) ដូចជាភាគហ៊ុនដែលមានស្រាប់នាពេលបច្ចុប្បន្ន។
សាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា វិទ្ធ បូរ៉ាវី
ទូរស័ព្ទ៖ +៨៥៥ ៩២ ៧២៩ ៧៩៨
ទូរស័ព្ទដៃ៖ +៨៥៥ ១៧ ៦៩០ ៩៤៨
អ៊ីមែល៖ [email protected]
អំពី រ៉ូយ៉ាល់ គ្រុប
ក្នុងនាមជាក្រុមហ៊ុនវិនិយោគយុទ្ធសាស្ត្រឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានទទួលស្គាល់ថាជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មដែលមានភាពរស់រវើក និងចម្រុះមុខជំនាញបំផុតនៅក្នុងប្រទេស។ ក្រុមហ៊ុនមានការវិនិយោគលើវិស័យឧស្សាហកម្មយ៉ាងទូលំទូលាយ រួមមាន៖ វិស័យធនាគារ និងហិរញ្ញវត្ថុ, ធានារ៉ាប់រង, ទូរគមនាគមន៍, ថាមពលអគ្គិសនី, ដឹកជញ្ជូន, ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត, សណ្ឋាគារ និងរមណីយដ្ឋាន, អប់រំ, ការអភិវឌ្ឍអចលនទ្រព្យ ព្រមទាំងពាណិជ្ជកម្មនាំចូល និងនាំចេញ។




+855 (0)92 729 798